កំពង់ធំៈ នេះជាលើកទី២ ហើយដែលតុលាការខេត្តកំពង់ធំ គាស់ភ្នូរសាកសព យកមកពិនិត្យកោសល្យវិច័យ ដើម្បីបំបែកសំណុំរឿងអាថ៌កំបាំង ក្នុងករណីឃាតកម្ម ដោយគិតទុកជាមុន លទ្ធផលដែលបានពុះជ្រៀកសំណុំរឿងដ៏សែនអយុត្តិធម៌ ត្រូវបានរកឃើញ មុខឃាតករពិតប្រាកដ និងត្រូវបានផ្តន្ទាទោសតាមច្បាប់ រកយុត្តិធម៌ជូនជនរងគ្រោះទាំង២ករណី។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយ វរសេនីយ៍ឯក ទិត្យ សំណាង ស្នងការងទទួលផែនព្រហ្មទណ្ទនៃស្នងការនគរបាល ខេត្តកំពង់ធំ រួមជាមួយមន្រ្តីកុសល្យវិច័យជំនាញ និងពេទ្យយុត្តិធម៌ រួមជាមួយអាជ្ញាធរ ចូលរួមគាស់ភ្នូរសាកសព ស្រ្តីម្នាក់ដែលមានការសង្ស័យថា ជាករណីសម្លាប់មនុស្សដោយគិតទុកជាមុន ពីសំណាក់ប្តីកំណាច ដើម្បីពិនិត្យបំបែកសំណុំរឿងអាថ៌កំបាំង រកយុត្តិធម៌ជូនជនរងគ្រោះ ស្ថិតតំបន់អូរកូត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ អន លិក ភេទប្រុស អាយុ៥៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ បានមកធ្វើចំការនៅ តំបន់អូរកូត ភូមិលែង ឃុំទំរីង ស្រុកសណ្តាន់ (ទីតាំងកើតហេតុ) ហើយបានស្គាល់គ្នាជាមួយស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ធា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង តាមទូរស័ព្ទ និងបានមករួមរស់ជាមួយគ្នា រយៈពេល២ឆ្នាំ មកហើយ ដោយសារតែជនសង្ស័យជាប្តី ភូតកុហកថា ខ្លួនជាបុរសពោះម៉ាយរស់នៅម្នាក់ឯង តែមុនថ្ងៃកើតហេតុ ស្រាប់តែប្រពន្ធដើមបានមកចម្ការ ទើបបែកការ និងដឹងថារឿងភូតកុហក ទើបស្រ្តីរងគ្រោះរករឿងឈ្លោះប្រកែកគ្នា និងបានគំរាម ថានឹងសម្លាប់ខ្លួន ដើម្បីឲ្យប៉ូលិសចាប់ជនសង្ស័យដាក់គុក។
ប្រភពបន្តថា ដោយមានការធុញទ្រាន់នឹងសម្ដីរបស់ស្រ្តីរងគ្រោះជេរដដែលៗ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់ជនរងគ្រោះផ្កាប់មុខរឹក ក ដោយយកជើងធាក់ចង្កេះ ធ្វើឲ្យនាងបុកទៅនឹងក្តាបែកមុខបែកមាត់រួចក៏ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។ ពេលស្លាប់ហើយ ជនសង្ស័យរូបនេះ ក៏បានយកខ្សែចងដៃ ចង់ជើង និងទាក់កស្រ្តីរងគ្រោះ រួចអូសយកទៅកប់នៅមាត់អូរក្បែរខ្ទមចម្ការប្រមាណ៦០ម៉ែត្រ ហើយបានជីកដីកប់ ដើម្បីបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ។
តាមការឲ្យដឹងពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានឃើញសកម្មភាពមិនប្រក្តតីរបស់ជនសង្ស័យ ដែលបានអូសអ្វីម្យ៉ាងពីខ្ទមទៅកប់។ ក្រោយពីបាត់ស្រ្តីរងគ្រោះ ប្រជាពលរដ្ឋក៏មានការសង្ស័យ ទើបរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យទីតាំងសង្ស័យខាងលើ និងឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន។
ក្រោយពីគាស់ផ្នូរ និងពិនិត្យរួចមកបានបញ្ជាក់ថា ជាករណីឃាតកម្ម ដោយគិតទុកជាមុន ទើបឃាត់។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះខាងលើពុំមានសាច់ញាតិបងប្អូននោះទេ ហើយក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពជូនអាចារ្យវត្ត និងប្រជាពលរដ្ឋរួមគ្នាយកទៅបូជា និងធ្វើបុណ្យតាមប្រពៃណី៕
Post a Comment